លោកស្រី ម៉ែន សំអន ថ្លែងអំណរគុណដល់សមាជិកនិងប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យត្រចះត្រចង់

ថ្ងៃសៅរ៍ ទី ១៨ សីហា ២០១៨​
35

លោកស្រី ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារចុះជួយខេត្តស្វាយរៀង នៅថ្ងៃសៅរ៍ទី១៨ ខែសីហា ២០១៨ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅមណ្ឌលខេត្តស្វាយរៀង។

មានប្រសាសន៍ទៅកាន់ពិធីនេះ លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណដោយផ្ទាល់ជូន ដល់សមាជិកសមាជិការទាំងអស់ ដែលបានបោះឆ្នោតគាំទ្រផ្តល់ជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលល្អជោគជ័យយ៉ាងត្រចះត្រចង់។

ឈ្មោះបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំង៥ រូប របស់គណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តស្វាយរៀងរួមមានទី១៖ លោកស្រី ម៉ែន សំអន, ទី២៖ លោកស្រី ដួង វណ្ណា, ទី៣៖ លោក ជ័យ សុន, ទី៤៖ លោកស្រី ឈុន សារឹម និង ទី៥ លោកស្រី ពៅ សុភាព ដែលមានអាសនៈចំនួន៥។ នៅអណត្តិទី០៦នេះ ខេត្តស្វាយរៀងមានប្រជាពលរដ្ឋប្រមាណ ៨៧ភាគរយ បានទៅចូលរួមបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីជាង ៣.៥សែននាក់ ហើយគណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់ រហូតឈ្នះដាច់ទាំង៥ អាសនៈនៅក្នុងខេត្ត។

យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្ត ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលពី០៦ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ខេត្តស្វាយរៀង មានភាពល្អប្រសើរបង្ករលក្ខណៈងាយស្រួលដល់ប្រជាជនទៅចូលរួមបោះឆ្នោតបានទាន់ពេលវេលា ជាពិសេសសភាពការណ៍សន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមពុំមានអ្វីកើតឡើងគួរឱ្យគត់សម្គាល់នោះទេ នៅគ្រប់ការរិយាល័យទាំង៩៣៦ការិយាល័យ គឺបានដំណើរការប្រក្រតីរហូតដល់ចប់ការបោះឆ្នោត។ តាមលទ្ធផលផ្លូវការនេះ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់៤,៨៨៩,១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយនៃសំឡេងសន្លឹកឆ្នោតបានការ ទាំងមូល៦,៣៦២,២៤១។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សកាន់អំណាច ៥ អាណត្តិជាប់ៗគ្នានេះ ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់ បើធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។

សូមជម្រាបផងដែរថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ បានបង្ហាញទាំងស្រុង នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ដោយបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា ចំណែកគណបក្សផ្សេងៗទៀត ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ៕

បញ្ចេញយោបល់