ទស្សនៈនិស្សិត៖ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឆ្ពោះទៅមុខឥតងាកក្រោយ!

16

មានមតិមួយចំនួន ជាពិសេសពីសហរដ្ឋអាមេរិក និងលោកខាងលិច បានរិះគន់ថាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាកំពុងតែដើរថយក្រោយ។ ក្នុងនាមជាយុវជន ខ្មែរមួយរូបដែររស់នៅលើទឹកដីសុវណ្ណភូមិដ៏ផូរផង់នេះជាង២ទសវត្សមកហើយ ខ្ញុំយល់ឃើញថា ការរិះគន់ខាងលើគឺផ្ទុយខុសទាំងស្រុងពីការពិតនិងអ្វីដែលកំពុងកើតមានឡើងនៅកម្ពុជា។ ការពិតគឺកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សបានយ៉ាងល្អ។

ពាក្យថា «ប្រជាធិបតេយ្យ» មានន័យថា ភាពនៃប្រទេសដែលមានប្រជារាស្រ្តជាអធិបតីគឺប្រ​ទេស ឬរដ្ឋបាលដែលយកប្រជាជនជាធំក្នុងការរើសតំណាងរបស់ខ្លួនឱ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស។ «សេរី» មានន័យថា ដែលមានអំណាចពេញទីអាចធ្វើអ្វីបានតាមអំពើចិត្តប៉ុន្តែក្រោមច្បាប់ ឯ «ពហុ» មានន័យថា ដែលមានច្រើន។ ក្នុងន័យនេះ ច្រើនគឺលើសពី «ពីរ»។ ដូច្នេះ «ប្រជាធិបតេយ្យសេរីពហុបក្ស» ជាគោលការណ៍ដែលប្រជារាស្រ្តមានអំណាចពេញទីក្នុងការរើសតំណាងរបស់ខ្លួនក្នុងចំណោមគណបក្សនយោបាយជាច្រើនដើម្បីដឹកនាំកិច្ចការប្រទេស។

កម្ពុជាបានរៀបចំការបោះឆ្នោតសកលឆ្នាំ២០១៨ ដើម្បីជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី ៦ កាលពីថ្ងៃទី២៩ កក្កដា ២០១៨ កន្លងទៅនេះ ។ លទ្ធផលបឋមពីគណៈកម្មាធិការរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានបង្ហាញឱ្យឃើញថា មានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែងឈរឈ្មោះឲ្យរាស្ត្របោះឆ្នោត និងមានប្រជាពលរដ្ឋប្រមាណ ៨២,៨៩% នៃអ្នកចុះឈ្មោះបោះឆ្នោតសរុបប្រមាណ ៨,៣៨០,២១៧នាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ សូចនាករទាំងពីរខាងលើនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រ​ទេសមួយនេះបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ គ.​ជ.ប បានបន្ថែមថា មានអ្នកសង្កេតការណ៍អន្តរជាតិចំនួនជាង៥០០នាក់ មកពីជាង៧០ប្រទេស ដែលក្នុងនោះអ្នកសង្កេតការណ៍មួយចំនួនមកពីស្ថាប័នអន្តរជាតិដូចជា៖ សហគមន៍អឺរ៉ុប ប្រ​ទេសមួយចំនួននៅអាស៊ាន និងពិសេសសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី សន្និបាតសភាអាស៊ី សន្និបាតអន្តរសភាអាស៊ាន ក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងអន្តរជាតិ បានអញ្ជើញមកធ្វើជាសាក្សីក្នុងការរៀបចំការបោះឆ្នោតរបស់កម្ពុជានិងវាយតម្លៃជាសត្យានុម័តថា កម្ពុជាបានរៀបចំការបោះឆ្នោតដោយអព្យាក្រឹត សេរី ត្រឹមត្រូវ និង យុត្តិធម៌ តាមបែបលទ្ធិប្រ​ជាធិបតេយ្យពោរពេញដោយសន្តិភាព និយាយឲ្យខ្លីគឺល្អជាងការបោះឆ្នោតនៅបណ្តាប្រទេ​ស​នៃលទ្ធិប្រជាធិបតេយ្យផ្សេងទៀតទូទាំងសកលលោក ជាពិសេសល្អជាងប្រទេសលោកខាងលិច និងអាមេរិកដែលមានប្រជាជន ទៅបោះឆ្នោតតែ ៥៥,៧០% តែប៉ុណ្នោះកាលពីឆ្នាំ ២០១​៦កន្លងទៅ ។ អាមេរិក និង លោកខាងលិច មិនទាំងបញ្ជូនអ្នកអង្កេតការណ៍ផ្លូវការមកផង ប៉ុ​ន្តែ​បែរជាប្រកាសក្តែងៗថា ការបោះឆ្នោតនៅកម្ពុជាមិនសេរី និងយុត្តិធម៌។ យើងអាចសន្និដ្ឋានបានថា ព័ត៌មានដែលពួកគេទទួលបានគឺព័ត៌មានក្លែងក្លាយពីក្រុមប្រឆំាងតែប៉ុណ្ណោះ។

អ្នកសង្កេតការណ៍អន្តរជាតិខាងលើនេះមិនត្រឹមតែនិយាយតែមាត់ទេ តែក្នុងនាមបុគ្គល និងអ​ង្គការរបស់គេ ថែមទាំងបានចេញសេចក្តីថ្លែងការណ៍ ស្តីពីទិដ្ឋភាពទូទៅនៃការបោះឆ្នោតនៅកម្ពុជាទៀតផង។ សេចក្តីថ្លែងការណ៍នីមួយៗសុទ្ធតែបានថ្លែងថា ការបោះឆ្នោតនៅកម្ពុជាបានរៀបចំឡើងដោយសេរី ត្រឹមត្រូវ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា ហើយក៏មានការឯកភាពពីអ្នកសង្កេតការណ៍របស់គណបក្សនយោបាយនានានៅប្រទេសកម្ពុជា ចំនួនប្រមាណជិត៩០.០០០នាក់ ហើយ និងប្រមាណ ៨០.០០០ នាក់ផ្សេងទៀត មកពីសមាគម និ​ងអង្គការជាតិនានាផងដែរ ព្រោះវាជាការពិត។ កម្ពុជាមិនត្រឹមតែអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សបានល្អទេ ប៉ុន្តែថែមទាំងបានពង្រឹងគោលការណ៍នេះទៀតផង។ យើងនៅចងចាំថា កាលពីឆ្នាំ២០១៣ មានប្រជាពលរដ្ឋតែប្រមាណ៦៩,៦១% ប៉ុណ្ណោះបានអញ្ជើញទៅបោះឆ្នោតប្រៀបធៀបនឹង៨២,៨៩% ឆ្នាំ២០១៨ ឯគណបក្សនយោបាយទៀតសោតកើនឡើនពីចំនួន៨ក្នុងឆ្នាំ ២០១៣ ទៅ ២០ ក្នុងឆ្នាំ ២០១៨។ កាលពីឆ្នាំ ២០១៣ បោះឆ្នោតហើយភ្លាមមិត្តខ្ញុំទូរស័ព្ទមកខ្ញុំថា គេនឹងចេញទៅប្រទេសថៃដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារគេ ឯក្រុមគ្រួ​សារខ្ញុំគ្មានជម្រើសអ្វីក្រៅពីស្ថិតនៅក្នុងស្រុក ទិញមីម៉ាម៉ាបម្រុងក្រែងមានអាសន្នអ្វីកើតឡើង។ ក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួនរបួសធ្ងន់ធ្ងរ និងខ្លះបាត់បង់ជីវិតទៀតផង ក្នុងការធ្វើបា​តុកម្មហិង្សាមួយនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ដោយឡែក ក្នុងឆ្នាំ ២០១៨ ការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូន សន្តិភាព សន្តិសុខ សុវត្ថិភាព ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំ​ណាងរាស្ដ្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និង បទ​ដ្ឋានគតិយុត្តផ្សេងទៀតដែលពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា។

តើនេះមិនបញ្ចាក់ពីការផ្លាស់ប្តូរវិជ្ជមានរបស់កម្ពុជា ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទេឬ?

សរុបមក ការរិះគន់ពីសំណាក់អាមេរិក និងលោកខាងលិចដែលថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាកំពុងតែដើរថយក្រោយ គឺមានចរិតនយោបាយ និង បន្ទាបតម្លៃនៃឆន្ទៈរបស់ប្រជាជនកម្ពុជាជាង ៦.៩៤៦.១៦៤ នាក់ ដែលចំណាយពេលវេលាដ៏មានតម្លៃទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ ការរិះគន់នេះគឺផ្ទុយស្រឡះពីការពិត ដែលការពិតឥតប្រកែកបាន គឺកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងពង្រឹងនូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សឲ្យឆ្ពោះ ទៅមកជានិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតអព្យាក្រឹត្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមបែបលទ្ធិប្រជាធិបតេយ្យពោរពេញដោយសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបដែលស្រលាញ់សន្តិភាព និងការអភិវឌ្ឍ ខ្ញុំសូមអំពាវនាវឱ្យប្រ​ទេ​សមហាអំណាចដូចជា អាមេរិក និង លោកខាងលិច ឈប់ធ្វើការរិះគន់ដែលផ្ទុយ ពីការពិតមកលើកម្ពុជា តែប្តូរទៅបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបចេ្ចកទេស ដើម្បីឲ្យប្រទេសកម្ពុជារីកច​ម្រើនទៅមុខទៀត នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យឥតងាកក្រោយ ដើម្បីឱ្យកម្ពុជារ​ក្សា​បាននូវសន្តិភាព ស្ថេរភាពយូរអង្វែង និងការអភិវឌ្ឍដោយនិរន្តភាព ជាពិសេសដើម្បីឱ្យប្រជាពលរដ្ឋរបស់ខ្ញុំ និង រូបខ្ញុំផ្ទាល់រស់នៅក្នុងភាពសុខដុម និង ក្សេមក្សាន្ត ដូចប្រទេសរបស់អ​ស់លោកដែរ។

និស្សិតបរិញ្ញាប័ត្រទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
ថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ, ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់