លោក ស ខេង ៖ បច្ចុប្បន្នកម្ពុជា មានសន្តិភាព និងមានសមិទ្ធផលជាច្រើន​ ដែលបានកើតឡើង​ក្នុងពេលដែល​គណបក្សប្រជាជនកម្ពុជា​ដឹកនាំប្រទេស​

14

បាត់ដំបង៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាស្រុក ក្នុងខេត្តបាត់ដំបង។ ដោយឡែកព្រឹកនេះ លោកបានអញ្ជើញចុះជួបសំណេះសំណាលតាមស្រុកនីមួយៗ មានស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ដែលមានសមាជិក សមាជិកា បានចូលរួមសរុបចំនួនជិត ៨,០០០នាក់។

ក្នុងពិធីនោះក៏មានលោក លោកស្រី ជាបេក្ខជនអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោកលោកស្រី ប្រធាន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំង លោក លោកស្រី ជាក្រុមការងារគណបក្សចុះជួយក្រុង ស្រុកផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោក ស ខេង បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា មានសន្តិភាព និងមានសមិទ្ធផលជាច្រើនដែលបានកើតឡើងក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។ ប្រទេសកម្ពុជា គឺជាប្រទេសដែលមានលិទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ព្រោះថាកម្ពុជា មានការបោះឆ្នោតគ្រប់អាណត្តិ មិនដែលមានការខកខានឡើយ។ លើសពីនោះ លោកក៏បានអំពាវនាវឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បន្តចូលរួម និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំប្រទេស ឲ្យកាន់តែមានការរីកចម្រើន និងអភិវឌ្ឍជាបន្តទៀត ។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ស ខេង បានអញ្ជើញចុះជួបសំណេះសំណាលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៥ស្រុក ពេលព្រឹក មាន៖ ស្រុកសំពៅលូន ស្រុក ភ្នំព្រឹក និងស្រុកកំរៀង និងពេលរសៀលលោក នឹងបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅស្រុកបវេល និងស្រុកថ្មគោល៕

ចែករំលែក

បញ្ចេញយោបល់