មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល​ នៅតែបន្តយុទ្ធនាការ​ត្រួតពិនិត្យ​តម្លៃប្រេងឥន្ធនៈ​ទូទាំងប្រទេស​

19

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ យុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈនានា នៅតែបន្តធ្វើឡើងដោយមន្ត្រីរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានឯកភាពឲ្យមានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ១៦០រៀល/លីត្រ ពោលគឺ ៣,៩៥០រៀល សម្រាប់ប្រេងសាំងធម្មតា និង៣,៧៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។

សម្រាប់ថ្ងៃទី១១ នៃយុទ្ធនាការនេះ មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅកាន់ស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៣៧ ស្ថានីយ៍ទូទាំងប្រទេស ដែលមានដូចខាងក្រោម៖
+ ខេត្តព្រៃវែង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រៃវែង បានចុះទៅកាន់ស្ថានីយ៍ប្រេងបានចំនួន ០៤ទីតាំង។
+ ខេត្តរតនគិរី៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយ៍ប្រេងបានចំនួន ០៥ទីតាំង។
+ ខេត្តស្វាយរៀង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយ៍ប្រេងបានចំនួន ០៥ទីតាំង។
+ រាជធានីភ្នំពេញ៖ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកំពង់ផែអន្តរជាតិភ្នំពេញ បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយ៍ប្រេងបានចំនួន ២៣ទីតាំង នៅក្នុងខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ។

ចំពោះស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលបានរកឃើញថាមានបញ្ហាជាមួយតម្លៃប្រេង មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់ស្ថានីយ៍ទាំងអស់នោះ ធ្វើការកែប្រែតម្លៃប្រេងភ្លាមៗ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែកដោះស្រាយការលំបាក និងជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទាំងប្រទេស៕

ចែករំលែក

បញ្ចេញយោបល់