ទស្សនៈកូនខ្មែរ៖ ក្រុមចោលម្សៀតបីជំពូក!

12

នៅក្នុងសង្គមខ្មែរយើង តាំងពីដើមមកដល់បច្ចុប្បន្ន មានមនុស្ស​ចោល​ម្សៀតបីជំពូក ដែល​ធ្វើ​ជា​រនាំង​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស។ ពួក​គេ​ជា​ក្រុម​មនុស្ស​ដែល​តាំង​ខ្លួន​ជា​ជើង​ឯក​គ្រប់​យ៉ាង​ តែ​ការ​ពិត​ជាក់​ស្តែង​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ​ក្រៅ​តែ​ពី​សូត្រ​ទ្រឹស្តី និង​ធ្វើ​ជា​ឧបសគ្គ​ដល់​ការ​រីក លូត​លាស់​របស់​ប្រទេស។

ជំពូកទី១៖ គឺក្រុម​អ្នក​នយោបាយ​ចោល​ម្សៀត៖ ក្រុម​នេះ​ពេល​ប្រទេស​ជាតិ​ជួប​គ្រោះ​អាសន្ន ដែល​ធ្វើ​ឲ្យ​ខ្មែរ​ស្លាប់​ស្ទើរ​ផុត​ពូជ នាំ​គ្នា​លាក់​មុខ​ដូច​សត្វ​ពង្រូល ឬ​សត្វ​អណ្តើក​ក្នុង​ស្នូក។ ពួក​គេ​រត់​ទៅ​សម្ងំ​សុខ​នៅ​ឯ​បរ​ទេស យ៉ាង​សប្បាយ​រីក​រាយ ចង់ខ្មែរ​ស្លាប់​អស់​ក៏​អស់​ទៅ​ចុះ មិន​ខ្វល់។ ប៉ុន្តែ ពេល​មាន​អ្នក​ចេញ​មុខ​ត​តាំង​យក​ជីវិត​ធ្វើ​ដើម​ទុន និង​បាន​រៀប​ចំ​ប្រទេស​ស្រួល​បួល​ហើយ ស្រាប់​តែ​នាំ​គ្នាជិះ​យន្ត​ហោះ ពាក់​ក្រវ៉ាត់​ក អាវ​ធំ មក​ស្រែក​ឆ្ការ​ដៃ​ឆ្ការ​ជើង​ថា​ខ្លួន ជា​បិតា​ប្រជា​ធិបតយ្យ​ដែល​មក​សង្គ្រោះ​ប្រទេស​នេះ​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់។ ពួក​គេ​ គឺ​ជា​ក្រុម​អ្នក​នយោបាយ​គង់​ហ៊ាន​ ដូច​បទ​ចម្រៀង៖ «ក្របី​ស៊ី​ស្រូវ​បង​មិន​សូវ​ហ៊ាន​ដេញ ក្របី​ថយ​ចេញ​បង​ដេញ​ឲ្យ​អូន​មើល។ ក្រពើ​ក្នុង​ទឹក​បង​មិន​សូវ​ហ៊ាន​ចាប់ ក្រពើ​ងាប់​ស្រាប់​បង​ចាប់​ឲ្យ​អូន​មើល។ ការ៉ុង​មាន​ស្រូវ​បង​មិន​សូវ​ហ៊ាន​លី ការ៉ុង​ទទេ​បង​លី​ឲ្យ​អូន​មើល»។

ក្រុម​អ្នក​នយោ​បាយ​ស៊ី​ឡាក ទាំង​នោះ​ដែល​ពាក់​ស្លាក មហា​អំណាច​នៅ​ពី​ក្រោយ​ខ្នង​បាន​ផ្តើម​សម្តែង​តួ​ធ្វើ​ជា លាត់​ដៃ​អាវ មូរ​ជើង​ខោ ដើរកាត់ វាល​ស្រែ​បួន​ដប់​ម៉ែត្រ ចង្អុល​លិច ចង្អុល​កើត ស្រែក​ឡូ​ឡា​ថា យួន​យក​ដី​ខ្មែរ​អស់​ហើយ រួច​ក៏ ប្រញាប់​ឡើង​ឡាន​ទំ​នើប ម៉ាស៊ីន​ត្រជាក់ ជិះ​កាត់​ផ្លូវ​ស្អាត ភ្លឹង ឆ្លង​ស្ពាន​ថ្មី​សន្លាង ចូល​ហាង​ទំ​នើប​ដេក​ក្នុង​សណ្ឋា​គារ​ប្រណីត រួច​ហើយ​យក​ខួរ​ក្បាល ប្រឌិត​រឿង​អាក្រក់​ៗ បង្ហោះ​តាម​ហ្វេសប៊ុកថា ស្រុក​យើង​ក្រណាស់ ប្រជាជន យើង​វេទ​នា​ណាស់ ដូច្នេះ​ត្រូវ​តែ​ផ្លាស់​ប្តូរ។

វិធីផ្លាស់ប្តូររបស់ពួកគេទៀតសោតគឺ បើធ្វើតាមរយៈ​ការបោះ​ឆ្នោត​ពិត​ជា​មិន​ឈ្នះ​ទេ ពី​ព្រោះ​មិន​អាច​បោក ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​បាន​ជា​សាក្សី​ផ្ទាល់​ភ្នែក​នៃ​ដំណើរ​ការ​រីក​លូត​លាស់​របស់​ប្រទេស​បាន​ឡើយ។ ហើយ​ប្រសិន​បើ​មក​ប្រណាំង​ស្នា​ដៃ និង​សមិទ្ធផល​ជា​មួយ​គណ​បក្ស​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន រឹត​តែ​មិន​អាច ពី​ព្រោះ​សមិទ្ធផល​របស់​គេ​មាន​គ​គោក ខណៈ​ដែល​ខ្លួន​មិន​បាន​ធ្វើ​អ្វី​សូម្បី​ប៉ុន​ក្រចក។ ដូច្នេះ វិធី​មាន​តែ​ម្យ៉ាង​គត់​គឺ ញុះ​ញង់​បំបែក​បំបាក់ បំបះ​បំបោរ ចាក់​រុក​ឲ្យ​មនុស្ស​ស្អប់​គ្នា។ យក​អ្នក​មាន​ចាប់​ភ្ជល់​ជា​មួយ​អ្នក​​ក្រ យក​មន្ត្រី​មក​លាប​ពណ៌​ចាប់​ភ្ជល់​ជា​មួយ​រាស្ត្រ ធ្វើ​ឲ្យ​ខ្មែរ​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​ ដើម្បី​ងាយ​ស្រួល​បញ្ឆេះ​កំហឹង​ចល​នា​បដិ​វត្ត​ពណ៌​ ធ្វើ​ឲ្យ​ប្រទេស​ជួប​នឹង​ភាព​ឆោ​ឡោ​រួច​ឆក់​ឱកាស​ផ្តួល​រំលំ ​ដើម្បី​​ឡើង​​កាន់​អំណាច​​ខ្លួន​​ឯង។ សកម្ម​ភាព​របស់​ក្រុម​អ្នក​នយោបាយ​ចោល​ម្សៀត ទាំង​នោះ​គឺ ប្រឆាំង​គ្រប់​រឿង​មិន​​ថា រឿង​នោះ​​ល្អ ឬ​អាក្រក់ ខុស​ ឬ​ត្រូវ​ឡើយ​ ពោល​គឺ​បើ​រដ្ឋា​ភិបាល​ទៅ​ស្តាំ​ពួក​គេ​ទៅ​ឆ្វេង បើ​បក្ស​កាន់​អំណាច​ទៅ​លិច ពួក​គេ​ទៅ​កើត គឺ​ធ្វើ​យ៉ាង​ណា​ចាំ​ខ្ទាស់ ឬ​ប៉ែង​ជើង​កុំ​ឲ្យ​ការ​ដឹក​នាំ​ប្រទេ​ស​​ដំណើរ​ការ​ទៅ​​មុខ​ដោយ​ស្រួល។

ជំពូកទី២៖ គឺក្រុមសង្គម​ស៊ីវិល​ចោល​ម្សៀត៖ ក្រុមនេះ​ក៏មិន​ខុស​ពីអ្នក​នយោបាយ​​ចោល​​ម្សៀត​ប៉ុន្មាន​ដែរ។ ក្នុង​សម័យ​កាល​ដែល​ប្រទេស និង​ប្រជា​ជន​រងទុក្ខ​វេទ​នា​បំផុត គ្មាន​ឃើញ​ពួក​សិទ្ធិ​មនុស្ស ឬ​អង្គ​ការ សង្គម​ស៊ីវិល​ណា​មក​ស្រែក​ថ្កោល​ទោស​ពួក​ខ្មែរ​ក្រហម និង​ចេញ​មុខ​ធ្វើ​ចលនា​​ដើម្បី​ការ​ពារ​សិទ្ធិ​ពល​រដ្ឋ​ខ្មែរ​សូម្បី​តែ​បន្តិច​គឺ ស្ងាត់​ឲ្យ​ឈឹង​ដូច​ចោរ​លួច​សេះ។ តែ​ដល់​ពេល​ខ្មែរ​រួច​ផុត​ពី​ស្លាប់ មាន​សិទ្ធិ​សេរី​ភាព មាន​ជីវ​ភាព​ល្អ មាន​សា​លា​រៀន មន្ទីរ​ពេទ្យ មាន​ចំណី​អា​ហារ សម្លៀក​បំពាល់​ល្អ អាច​ប្របក​របរ​អ្វី​ក៏​បាន ស្រាប់​តែ​នាំ​គ្នា​ចេញ​មុខ​​ព្រាត​មិន​ដឹង​មក​ពី​ទិស​ណា​ខ្លះ មក​ស្រែក​​ឡូ​ឡា ពាក់​ស្បែក​ខ្លា អួត​ថា​បិតា ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស គ្រប់​គ្នា។ អង្គ​ការ​សង្គម​​ស៊ីវិល ៥០០០ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ប្រទេស​ដ៏​តូច​មួយ​នេះ។ អង្គ​ការ​ខ្លះ មួយ​ថ្ងៃ​មួយ​​ថ្ងៃ​គិត​​តែ​ពី​ស្រែក រិះ​គន់​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជា​ធិប​តេយ្យ។ យូរ​ៗ​ទៅ​អត់​មាន​​អី​ស្រែក សូម្បី​​ប៉ូលិស​ចាប់​ចោរ ទៅ​ស្រែក​ការ​ពារ​ចោរ​ថា ត្រូវ​គេ​រំលោភ​សិទ្ធិ ត្រង់​ពល​រដ្ឋ​អ្នក​​រង​គ្រោះ​ដោយ សារ​ចោរ​មិន​ខ្វល់។ លើស​ពី​នេះ ពួក​សង្គម​ស៊ីវិល​ចោល​ម្សៀត ទាំង​នោះ​ចាំ​តែ​​តាម​ការ​​ពារ​ពួក​អ្នក​នយោ​បាយ​ចោល​ម្សៀត ដូច​គ្នា។ ពួក​គេ​តែង​បង្ក​បញ្ហា​នេះ បញ្ហា​នោះ​​មិន​ចេះ​ចប់ ដល់​ពេល​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាត់​វិធាន​ការ នាំ​គ្នា​ស្រែក​ថា រំ​លោភ​សិទ្ធិ​មនុស្ស រំ​លោភ​​សេរី​ភាព​បញ្ចេញ​មតិ។ រឿង​ល្អ​ប៉ុន​ដំរី​មិន​ខ្ចី​និយាយ រឿង​អា​ក្រក់ ប៉ុន​ចៃ និយាយ​​មិន​ឈប់។ ក្រៅ​ពី​ចាំ​ចាប់​កំហុស​គេ​តូច​តាច​មក ពង្រីក​ឲ្យ​ធំ ក្រុម​នេះ​​ក៏​មាន​​ជំនាញ​ខាង​ការ​​ប្រឌិត​រឿង​​ដើម្បី​ចិញ្ចឹម​អាជីព​របស់​ខ្លួន​ផង​ដែរ ពី​ព្រោះ​​គោល​ដៅ​របស់​ពួក​គេ គឺ​សរ​សេរ​​​គម្រោង​ដោយ​បំប៉ោង​សភាព​ការណ៍​​ឲ្យ​ធំ ដើម្បី​ទាក់​ទាញ​ម្ចាស់​ជំនួយ​ឲ្យ​​ទម្លាក់​លុយ​ធំ។ ដូច្នេះ បើ​​អស់​រឿង អស់​សកម្ម​ភាព អស់​អី​និយាយ គឺ​អស់​លុយ។ គោល​​ដៅ​ធំ​របស់​​ពួក​​គេ​គឺ​លុយ​​នេះ​ឯង។ ដើម្បី​លុយ ពួក​គេ​សុខ​ចិត្ត​បម្រើ​មហិច្ឆតា​បរទេស សូម្បី​​បំផ្លាញ​​ជាតិ​​ខ្លួន​ឯង​ក៏​ហ៊ាន​​ធ្វើ។

ជំពូកទី៣៖ គឺក្រុម​មនុស្ស​ចោល​ម្សៀត​ដែល​ចាំតែ​ទើស​គេ៖ ក្រុម​នេះ​មួយ​ថ្ងៃ​ៗ​អង្គុយ​តែ​មុខ Computer  ឬ​លេង​តែ​ហ្វេសប៊ុក។ និយាយ​ពី​ទ្រឹស្តី​វិញ​ហៀរកែង តែ​ការ​ងារ​ជាក់​ស្តែង​ គឺ​ហ៊្សេរ៉ូ។ បន្តិច​លើក​ទ្រឹស្តី​អ្នក​ប្រាជ្ញ​នេះ ឬ​អ្នក​ប្រាជ្ញ​នោះ​មក​បង្ហោះ ដោយ​តាំង​ខ្លួន​ជា​​អ្នក​ចេះ​ដឹង​ជ្រៅ​ជ្រះ​ហើយ​ប្រដៅ​គេ​ប្រដៅ​ឯង។ អង្គុយ​ចាំ​តែ​ចាប់​កំហុស​គេ បើ​គេ​ធ្វើ​អី​ក៏​​ខុស​រហូត តែ​ខ្លួន​ឯង​វិញ​មិន​ដែល​បាន​ធ្វើ​អ្វី​សោះ​ដើម្បី​​សង្គម​ក្រៅ​ពី​អង្គុយ​​លេង​​ហ្វេសប៊ុក និង​ចាប់​​កំហុស​អ្នក​ដទៃ​ហើយ​យក​មក​បង្ហោះ​រិះ​គន់។ ត្រឹម​រិះ​គន់​ដើម្បី​ស្ថាបនា​​មិន​ថ្វី​ទេ ប៉ុន្តែ ជា​ទូទៅ​គឺ​ការ​រិះ​គន់​បែប​ចំអក​ឡក​ឡឺយ បែប​ជាន់​ពន្លិច! តើ​អស់​លោក​មាន​​យល់​​អារម្មណ៍ ដល់​អ្នក​ដែល​ខំ​ធ្វើ​ដែរ​ ឬ​ទេ? ដោយ​សារ​បញ្ហា​ហ្នឹង​ហើយ​ដែល​ការ​រិះ​គន់​​របស់​អស់​​លោក​​គ្មាន​តម្លៃ ដែល​គេ​មិន​ទទួល​យក។

សរុបទៅ ក្រុម​មនុស្ស​ចោល​ម្សៀត​ទាំង​បី​ជំពូក​ដូច​បាន លើក​ឡើង​ខាង​ដើម​គួរ​ធ្វើ​ខ្លួន​​ឲ្យ​មាន​មាយាទ​ជាង​នេះ ដើម្បី​ចូល​រួម​ទាំង​អស់​គ្នា​ក្នុង​ការ​រុញ​ច្រាន​នា​​វា​កម្ពុជា​ឲ្យ​លឿន​លយ​​ទៅ​មុខ​ក្នុង​ទិស​​ដៅ​ដ៏​ត្រឹម​ត្រូវ​មួយ។ ពាក្យ​សុភា​សិត​បូរាណ​ខ្មែរ​បាន ពោល​ថា «បើ​មិន​បាន​​ជួយ​ចូក​ជួយ​ចែវ សូម​កុំ​​យក​​ជើង​រា​ទឹក»។ យ៉ាង​ណា​មិញ បើ​សិន​ជា​អស់​លោក​មិន​បាន​​ធ្វើ​អ្វី​ជា​ប្រយោជន៍​​សង្គម​ទេ សូម​កុំ​​តែ​បង្ក​ឧបសគ្គ​ទៅ​​បាន​​ហើយ​។ ផ្ទុយ​ទៅ​វិញ ប្រសិន​​​បើ​នៅ​តែ​បន្ត​ភាព​​ចោល​​ម្សៀត​​បែប​​នេះ​ត​ទៅ​មុខ​ទៀត​នោះ ក្រុម​ទាំង​​នេះ បើ​ទោះ​ជា​​មិន​រលាយ​ខ្លួន​ឯង​ក៏​គង់​ត្រូវ​​គេ​រំលាយ​ចោល​​ដែរ​​ពី​​ព្រោះ​ទុក​នាំ​ចង្រៃ​​ស្រុក៕

ដោយ ព្រឹទ្ធាចារ្យម្នាក់នៅភ្នំពេញ

ចែករំលែក

បញ្ចេញយោបល់