ទស្សនៈកូនខ្មែរ៖ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសាទរកំណែទម្រង់ប្រាក់ខែ!

35

មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធនឹងកំណែទម្រង់ប្រាក់ខែក្រោយពីបានស្តាប់សេចក្តីថ្លែងការណ៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងដំណែង និងជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី៧ កក្កដា។

ផលប្រយោជន៍ដែលមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធទទួលបានពីកំណែទម្រង់នេះមានដូចតទៅ៖ ទី១៖ គឺការតម្លើងប្រាក់ខែជារៀងរាល់ឆ្នាំដែលបានអនុវត្តរួចមកហើយ។ ទី២៖ ការបើកប្រាក់ខែតាមប្រព័ន្ធធនាគារ ដើម្បីធានាតម្លាភាព និងចៀសវាងអំពើពុករលួយ និងទី៣៖ នាពេលខាងមុខនេះ ការបើកប្រាក់ខែនឹងធ្វើឡើងពីរដងក្នុងមួយខែពោលគឺបើកពីរសប្តាហ៍ម្តង។

កំណែទម្រង់ទាំងបីដំណាក់កាលពាក់ព័ន្ធនឹងប្រាក់ខែបានធ្វើឲ្យមន្ត្រីរាជការ គ្រូបង្រៀន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ សប្បាយរីករាយពីព្រោះប្រាក់ខែរបស់ពួកគេឡើងជារៀងរាល់ឆ្នាំទៅតាមស្ថានភាពសេដ្ឋកិច្ច ហើយការបើកប្រាក់ខែទៀតសោតក៏ធានាបាននូវតម្លាភាពដោយចៀសវាងបាននូវអំពើពុករលួយ និងការិយាធិបតេយ្យ និងចុងក្រោយគឺពួកគេមិនចាំបាច់ទន្ទឹងរង់ចាំប្រាក់ខែយូររហូតដល់ដាច់ខែឡើយ។ត្រឹមតែពីរសប្តាហ៍អាចបើកប្រាក់ខែពាក់កណ្តាលបានហើយដើម្បីយកទៅប្រើប្រាស់។

ពិតណាស់ ជាទូទៅ មិនថាមន្ត្រីរាជការឡើយ សូម្បីបុគ្គលិកជាទូទៅក្នុងវិស័យឯកជនក៏តែងតែទន្ទឹងរង់ចាំប្រាក់ខែយ៉ាងអន្ទះសារណាស់នៅពេលជិតដាច់ខែម្តងៗ។ បើជួនកាលដាច់ខែហើយបើកយឺតមួយថ្ងៃពីរក៏ធ្វើឲ្យពួកគេរអ៊ូរទាំដែរពីព្រោះពួកគេត្រូវការចំណាយជាប្រចាំ។ ប៉ុន្តែ ការលំបាកទាំងនេះលែងមានទៀតហើយនៅពេលខាងមុខនេះសម្រាប់មន្ត្រីរាជការបន្ទាប់ពីគោលការណ៍បើកប្រាក់ខែពីរដងក្នុងមួយខែនឹងត្រូវបានអនុវត្តន៍ក្រោយពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតជាថ្មី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសរួចស្រេចហើយថាគោលការណ៍នេះនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០១៩ តទៅហើយ។ នេះនិយាយតែក្នុងក្របខ័ណ្ឌកំណែទម្រង់បញ្ហាប្រាក់ខែតែមួយផង។ ក្រៅពីនោះ មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ ក៏នៅទទួលអត្ថប្រយោជន៍ជារួមពីសុខសន្តិភាព និងការអភិវឌ្ឍន៍ ក៏ដូចជាពីគោលនយោបាយបញ្ចុះតម្លៃប្រេងសាំង បញ្ចុះតម្លៃអគ្គិសនី តម្លៃទឹក និងការទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម និងរបបសោធន៍និវត្តន៍ជាដើម។

ស្ថានភាពនេះបានធ្វើឲ្យមន្ត្រីរាជការមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះអនាគតរបស់ខ្លួន ហើយបានធ្វើឲ្យមន្ត្រីរាជការកាន់តែមានតម្លៃខ្លាំងឡើងជាលំដាប់ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដើម្បីរក្សាឲ្យបាននូវសុខ សន្តិភាព ស្ថិរភាពសង្គម ក៏ដូចជាកំណើនជីវភាពរបស់មន្ត្រីរាជការ កម្មករ ក៏ដូចជាពលរដ្ឋទូទៅ និងជាពិសេសដើម្បីអនាគតកូនចៅយើងទាំងអស់គ្នា មន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលតាំងពីគ្រាដ៏លំបាកបំផុត រហូតមកដល់គ្រាដ៏សប្បាយរីករាយដូចសព្វថ្ងៃនេះត្រូវតែប្តេជ្ញាបន្តដំណើរជាមួយរាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខជាបន្តទៀត។ ពួកយើងយល់យ៉ាងច្បាស់ថា គ្មានជម្រើសណាមួយល្អប្រសើរជាងនេះឡើយ។

ក្នុងនាមមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ ដែលមានបទពិសោធន៍គ្រប់គ្រាន់និងបានឆ្លងកាត់របត់សង្គមជាច្រើនមកហើយនោះ យើងពិតជាមិនចង់ឃើញអតីតកាលខ្មៅងងឹត និងឈឺចាប់បំផុតវិលមកតាមលងពួកយើង និងប្រទេសជាតិយើងជាថ្មីទៀតឡើយ។ ការឃោសនាអកុសល និងការធ្វើនយោបាយញុះញង់ បំបែកបំបាក់ ចង់បង្កឲ្យមានចលាចលសង្គមតាមរបៀបបដិវត្តន៍ពណ៌ដូចនៅមជ្ឈឹមបូព៌ា គឺជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់កម្ពុជាដែលយើងគ្រប់គ្នាត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត។

ដើម្បីទប់ស្កាត់ការវិលត្រឡប់នៃអតីតកាលដ៏ខ្មៅងងឹត និងបន្តរក្សាសន្តិភាព និងភាពសម្បូរសប្បាយរបស់ប្រទេសយើងទៅមុខទៀត យើងទាំងអស់គ្នាត្រូវតែទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខឲ្យបានគ្រប់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីធានានូវអ្វីដែលយើងកំពុងមានសព្វថ្ងៃ និងបន្តដំណើរជាមួយគ្នាដើម្បីធ្វើឲ្យអនាគតយើង និងកូនចៅយើងកាន់តែភ្លឺស្វាងជាងនេះថែមទៀត៕

ដោយ៖មន្ត្រីរាជការម្នាក់!

ចែករំលែក

បញ្ចេញយោបល់